កុំខ្ជិលនាំក្រណាស្ងួនភ្ញា កុំធ្វើខ្ជីខ្ជានាំអសោច
ប្រសិនខ្ជះខ្ជាយនាំហិនហោច ដាច់ដោចខ្លោចផ្សាណាចរណៃ។
ប្រហែសប្រហោងតោងប្រយ័ត្ន ប្រហែលបង់បាត់ផលកម្រៃ
ប្រហែសច្រើនដងនាំក្សិណក្ស័យ ហិនហោចចង្រៃមិនស្រាកស្រាន្ត។
វិជ្ជាជាទ្រព្យជាប់អាត្មា ចោរចង់ប្រាថ្នាក៏មិនបាន
វិជ្ជាជួយឲ្យរស់ក្សេមក្សាន្ត ជីវិតចរថ្កានថ្កើងកិត្តិយស។
ប្រសិនមិនចេះត្រូវប្រឹងរៀន ចង់ធ្វើអ្នកមានធំខ្ពង់ខ្ពស់
ព្យាយាមរៀនសូត្រសាងកេរ្តិ៍ឈ្មោះ ឧស្សាហ៍សាបព្រោះសាងកុសល។
ទាន់ខ្លួននៅក្មេងក្រេបចំណេះ កូនកុំប្រហែសនាំវិកល
ប្រហែសបាត់បង់អំណោយផល ខូចខាតខ្វាយខ្វល់នាំស្តាយក្រោយ។
អត្ថបទដោយ៖
ក. គីំម អ៊ី
ផ្សព្វផ្សាយដោយ៖
MyPando Group
No comments:
Post a Comment