ក្នុងកាលដែលកន្លងយូរទៅហើយ មានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃហៅថា លោកតាព្រះចៅ)។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះ រាជពង្សាវតារ និងអត្ថបទចម្លងតៗ មកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខនិងគទា (ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គមានព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖
https://km.wikipedia.org/wiki/សម័យចតុមុខ
No comments:
Post a Comment