ប្រវត្តិហែលកាត់ព្យុះភ្លៀងរបស់ Jack Ma មុនបង្កើតក្រុមហ៊ុន Alibaba Group ត្រូវបានលាតត្រដាង - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, February 20, 2018

ប្រវត្តិហែលកាត់ព្យុះភ្លៀងរបស់ Jack Ma មុនបង្កើតក្រុមហ៊ុន Alibaba Group ត្រូវបានលាតត្រដាង

លោក Jack Ma ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba មាន​ដើម​កំណើត​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន បច្ចុប្បន្ន​មាន​វ័យ ៥៣ ឆ្នាំ។ ធ្លាប់​ឆ្លង​កាត់​រឿង​ឈឺ​ចាប់​និង​បទ​ពិសោធន៍​បរាជ័យ​រាប់​មិន​អស់ មុន​អាច​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ Online ខ្នាត​ធំ​មួយ ដែល​មាន​គេ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក។

Sabay រៀបរាប់​ពី​ដើម​ចម​នៃ​សេដ្ឋី​មាន​ប្រាក់​ជាង ៥០ ប៊ីលាន​ដុល្លារ​រូប​នេះ ដែល​មាន​ឱកាស​បង្កើត Alibaba
Group ឲ្យ​ជោគជ័យ​ទល់​សព្វថ្ងៃ ទាំង​ដែល​ពី​មុន​ខ្លួន​ត្រឹម​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​មាន​ប្រាក់​ខែ ១២ ដុល្លារ​។
ដំណើរ​ចាប់​ផ្តើម​ជីវិត​របស់ Jack Ma
រឿងរ៉ាវ​របស់​សេដ្ឋី​រូប​នេះ កើត​មាន​ឡើង​ក្នុង​ទីក្រុង Hangzhou ដែល​មាន​ប្រជាជន​ជាង ២.៤ លាន​នាក់ ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជំនាញ​សិល្បៈ Ping Tan។ ដើម្បី​ជម្នះ​ក្នុង​ស្ថានភាព​សិក្សា​ជាមួយ​មិត្ត​រួម​ថ្នាក់ Ma ត្រូវ​បង្ខំ​ចិត្ត​ទៅ​សណ្ឋាគារ​ក្នុង​ស្រុក​រាល់​ថ្ងៃ ដើម្បី​មាន​ឱកាស​ជួប​ជនបរទេស​និង​អនុវត្ត​ភាសា​អង់គ្លេស​ជាមួយ​ពួក​គេ ហើយ​បាន​យក​ថវិកា​ទិញ​វិទ្យុ​តូច​មួយ​ដែល​អាច​ស្តាប់​ការ​សិក្សា​​ភាសាសន្ទនា​ប្រចាំ​ថ្ងៃ។
ថ្វី​បើ​មាន​ជំនាញ​លើ​ភាសា​អង់គ្លេស ប៉ុន្តែ​លោក​ខ្សោយ​ខាង​គណិតវិទ្យា រហូត​ត្រូវ​ធ្លាក់​ការ​ប្រលង​បញ្ចប់​វិទ្យាល័យ​ដល់​ទៅ ២ លើក​ជាប់​គ្នា។​ ​ការ​ព្យាយាម​លើក​ទី ៣ ទើប​ទទួល​បាន​ជោគជ័យ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​គ្រូ​បង្រៀន​ក្នុង​ទីក្រុង Hangzhou នា​ឆ្នាំ ១៩៨៨ ។ គ្រា​នោះ​លោក​ក៏​ត្រូវ​បាន​គេ​បដិសេធ​សំណើ​សុំ​ធ្វើ​ការងារ​រាប់​មិន​អស់ មិន​ថា​តែ​​ហាង​លក់​មាន់​បំពង​ KFC ។
យ៉ាងណាមិញ​ Jack Ma ក៏​មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ដោយ​រក​ចំណូល​បាន​ត្រឹមតែ ១២ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​សកលវិទ្យាល័យ​ក្នុង​តំបន់។​
ដើម​ទង​ធ្វើ​ឲ្យ​មាន​ការ​បង្កើត Alibaba
បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​គ្រូ​បង្រៀន ក្នុង​ឆ្នាំ ១៩៩៥ លោក Jack Ma មាន​ឱកាស​ទៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង ហើយ​ត្រូវ​បាន​គេ​នាំ​ឲ្យ​ស្គាល់​ពី​អ្វី​ទៅ​ជា​អ៊ីនធឺណិត។ លុះ​វិល​មក​ដល់​ស្រុក​កំណើត លោក​ក៏​បាន​បង្កើត​អាជីវកម្ម​លើ​អ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែ​រង​សម្ពាធ​នៃ​ការ​ទាមទារ​ឲ្យ​បណ្ដាក់ទុន​ជាមួយ China Telecom រហូត​ធ្វើ​ក្រុមហ៊ុន​ទាំង​មូល​បាត់បង់តុល្យភាព និង​ត្រូវ​បរាជ័យ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The New York Times បាន​ចុះ​ផ្សាយ។
ភាព​អត់ធ្មត់​នៅ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​ជំរុញ​ឲ្យ Ma ក្រោក​ឈរ​ម្តង​ទៀត​នា​ឆ្នាំ ១៩៩៩ ហើយ​បាន​ហៅ​មិត្ត ១៧ នាក់ មក​ពិភាក្សា​ក្នុង​បន្ទប់​ជួល​មួយ ដើម្បី​បង្កើត​អាជីវកម្ម​លក់​ទំនិញ​លើ Online។​ គ្រា​នេះ​ហើយ​ដែល Alibaba.com បាន​លេច​វត្តមាន ដែល​អនុញ្ញាត​ឲ្យ​បណ្តា​អ្នក​លក់​​អាច​ធ្វើ​ការ​បង្ហោះ​ចេញ​នូវ​ទំនិញ​របស់​ខ្លួន ហើយ​អតិថិជន​អ្នក​ទិញ​មាន​សិទ្ធ​ធ្វើ​ការ​ស្វែងរក​យ៉ាង​ធំ​ទូលាយ។ សំណាង​ល្អ​ក្នុង​ខែ​តុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុន​ក៏​ទទួល​បាន​ការ​វិនិយោគ ៥ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Goldman Sachs និង ២០ លាន​ដុល្លារ​ពី​ធនាគារ SoftBank ដែល​មាន​គោលដៅ​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា។​
ភាព​ជោគជ័យ​ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចាប់​ផ្តើម​ពង្រីក​សាខា​ទៅ​ជា​គេហទំព័រ Taobao មួយ​បន្ថែម​ទៀត ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស eBay ដែល​ព្យាយាម​វាយលុក​ទីផ្សារ​ប្រទេស​ចិន។​ រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ២០០០ សម្ព័ន្ធ​របស់ Alibaba ក៏​ផ្តួល eBay បាន​សម្រេច ហើយ​មក​ទល់​បច្ចុប្បន្ន​ក៏​ក្លាយ​ជា​គេហទំព័រ​មួយ​ក្នុង​ចំណោម ២០ ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក រួម​បញ្ចូល​ទាំង Alibaba, Tmall ផង​នោះ។​
ប៉ុន្តែ​ដល់​ឆ្នាំ ២០១៣ លោក Jack Ma បាន​ដើរ​ចេញ​ពី​តំណែង CEO ហើយ​ឲ្យ​លោក Johnathan Lu ឡើង​ជំនួស គ្រា​នោះ​គាត់​បញ្ជាក់​ថា “វា​ងាយ​ស្រួល​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការលាឈប់ពី CEO ប៉ុន្តែ​ក្នុង​ការ​ក្លាយ​ជា​ប្រធាន​ធំ​ដ៏​ល្អ​ម្នាក់ ពេល​ខ្លះ​យើង​ក៏​សំបូរ​រឿង​រវល់​ជាង CEO ទៅ​ទៀត”។
គូស​បញ្ជាក់​ថា Alibaba Group កាល​ពី​ឆ្នាំ​ទៅ​រក​ចំណូល​បាន ២៣.៨២ ប៊ីលាន​ដុល្លារ ហើយ​មាន​បុគ្គលិក​សរុប​ប្រមាណ ៥០ ០៩២ នាក់ ដោយ​ចែក​ជា​សម្ព័ន្ធ​ដៃគូ​ប្រហែល ១០ ក្រុមហ៊ុន​ជុំវិញ​ពិភពលោក។ ពាក្យ​ស្លោក​មួយ​របស់​ក្រុមហ៊ុន​​បាន​កំណត់​ថា “ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ទី​កន្លែង“​៕


អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://anarchak.com


No comments:

Post a Comment