I. សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
ក្រោយពីទទួលបានជោគជ័យក្នុងការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ របបថ្មីមួយដែលបានចាប់បដិសន្ធិឡើងក្រោមជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
កិច្ចការចាំបាច់ចំនួនពីរដែលរដ្ឋាភិបាលថ្មីមួយនេះត្រូវធ្វើ គឺការកសាងសន្តិភាព និង ការស្ថាបនាជាតិឡើងវិញ។
១. អង្គការគ្រប់គ្រងសំខាន់ៗនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា
របបថ្មិនេះគ្រប់គ្រងដោយបក្សតែមួយគឺគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និង មានអង្គការគ្រប់គ្រងសំខាន់ៗចំនួន៤គឺ៖
គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដឹកនាំដោយសមមិត្ត ប៉ែន សុវណ្ណដែលជាអគ្គលេខាធិការ (អតិតខ្មែរឥស្សរៈដលបានរៀនសូត្រទ្រឹស្ដីកុម្មុនីស្ដវៀតណាម)។ នៅខែធ្នូ ឆ្នាំ១៩៨១ សមមិត្តហេង សំរិន បានកាន់កាប់តំណែងនេះជំនួសវិញ។
ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬ ក្រុមប្រឹក្សារដ្ឋមន្ត្រី មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយសម្រេចទិសដៅសំខាន់ៗរបស់បក្ស។ ក្រុមប្រឹក្សានេះមានសមមិត្តប៉ែន សុវណ្ណ ជាប្រធាន។ ចុងឆ្នាំ១៩៨១ សមមិត្តចាន់ ស៊ី (អតីតខ្មែរ៌ស្សរៈសិក្សានៅហាណូយ) បានឡើងជំនួសសមមិត្តប៉ែន សុវណ្ណ។ ក្រុមប្រឹក្សារដ្ឋមន្ត្រីត្រូវកំណត់ការប្រជុំយ៉ាងទៀងទាត់ដើម្បី៖
ចាត់វិធានការរដ្ឋបាល យ៉ាងច្បាស់លាស់សម្រាប់រដ្ឋមន្ត្រីយកទៅផ្សព្វផ្សាយតាមក្រសួងមន្ទីរនានាចៀសវាងការអនុវត្តខុសទិសដៅ
អោយតំណាងក្រសួងនីមួយៗឡើងរាយការណ៍បង្ហាញពីសមិទ្ធផល និង បញ្ហាផ្សេងៗដែលកើតមាន។
ក្រុមប្រឹក្សារដ្ឋដែលមានសមមិត្ត ហេង សំរិន ជាប្រធាន មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋដូចជារៀបចំច្បាប់ ក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវិតជាដើម
រដ្ឋសភាជាតិ មាន១១៧អាសនៈ។ ថ្ងៃទី២៧ មិថុនា ១៩៨១ សភាជាតិបានអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងតែងតាំសមមិត្ត ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ និង សមមិត្ត ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។
II. ការកសាងសន្ដិភាព និង ការកសាងជាតិឡើងវិញ
ប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យក៏ពិតមែន តែកម្ពុជាបានបែកខ្ញែកជា៤ភាគី។
១. ខ្មែរទាំង៤ភាគី
ភាគីទី១ គឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយ ហេង សំរិន៖ ភាគីទី១នេះជាអ្នករំដោះកម្ពុជាពីរបបខ្មែរក្រហម និង មានទិសដៅកសាងជាតិឡើងវិញ ព្រមទាំងទប់ស្កាត់ការវិលត្រលប់របស់ខ្មែរក្រហម។ ភាគីនេះទទួលការឧបត្ថម្ភគាំទ្រពីវៀតណាម សហភាពសូវៀត និង សម្ព័ន្ធមិត្តរបស់សូវៀត។
ភាគីទី២ គឺកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដែលដឹកនាំដោយប៉ុល ពត៖ ទោះបីជាខ្មែរក្រហមលែងគ្រប់គ្រងកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែពួកគេនៅតែរក្សាអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ កងទ័ពខ្មែរក្រហមខ្មែរនៅតែបន្តគ្រប់គ្រងទឹកដីកម្ពុជាមួយភាគ និងជំរំជនភៀសខ្លួនមួយចំនួនដែលស្ថិតនៅតាមព្រំដែនខ្មែរ ថៃ។ ភាគីនេះបានទទួលជំនួយពីបរទេស ជាពិសេសប្រទេសចិន។
ភាគីទី៣ គឺរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរប្រជាធិបតេយ្យ ដែលដឹកនាំដោយ សម្ដេច សឺន សាន៖ ភាគីរណសិរ្សនេះមានទឹសដៅសំខាន់៣គឺ រំដោះប្រទេសកម្ពុជាពីអំណាចរបស់វៀតណាម ប្រឆាំងការវិលត្រលប់មកកាន់អំណាចរបស់ខ្មែរក្រហម និង កសាងជាតិឡើងវិញ។
ភាគីទី៤ គឺក្រុមរាជានិយមរបស់សម្ដេច នរោត្តម សីហនុ (FUNCINPEC-ហ្វ៊ុនស៊ិនប៉ិច)៖ ភាគីទី៤នេះបង្កើតឡើងនៅខែមិនា ឆ្នាម១៩៨១ ដោយមានការចូលរួមពីក្រុមម៉ូលីណាកាដែលបង្កើតតាំងពីឆ្នាំ១៩៧៩។ទិសដៅសំខាន់របស់ហ៊្វុនស៊ុនប៉ិចគឺប្រឆាំងនិងវត្តមានរបស់វៀតណាម នៅលើទឹកដីកម្ពុជា។
៤. ការកសាងឡើងវិញ
រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបង្កើតឡើងតាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម មិនត្រូវបានអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ព្រមទាំងបរទេសសមាជិកអាស៊ានទទួលស្គាល់នោះទេ។ ជំនួយមនុស្សធម៌ទាំងប៉ុន្មានត្រូវបង្វែរទៅផ្គត់ផ្គងប្រជាជនខ្មែរដែលរស់នៅតាមជំរំជនភៀសខ្លួននៅតាមព្រំដែនខ្មែរ ថៃ ដែលជំរំនីមួយៗស្ថិតនៅក្រោមអំណាចរបស់ក្រុមដឹកនាំ៣ផ្សេងទៀត គឺក្រុមខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយសម្ដេច នរោត្តម សីហនុ ឬ ក្រុមរបស់លោកតាសឺន សាន។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវកសាងប្រទេសឡើងវិញពីចំណុចសូន្យ ដោយពឹងផ្អែកទាំងស្រុងលើជំនូយពីវៀតណាម សហភាពសូវៀត និង ប្រទេសសង្គមនិយម។
ស្ថានភាពសង្គមកម្ពុជាក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩
ប្រជាជនដែលបានរួចផុតពីការសម្លាប់រង្គាលរបស់ខ្មែរក្រហម ភាគច្រើនជាស្ត្រីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា និងមនុស្សបាក់កម្លាំង។ ពួកគេមានតែបាតដៃទទេ ពុំមានគោ ក្របី រទេះ នង្គ័ល សម្រាប់ធ្វើស្រែចម្ការបង្កបង្កើនផលនោះទេ។ អ្នកខ្លះបានជួបជុំឪពុកម្ដាយសាច់ញាតិ អ្នកខ្លះព្រាត់ប្រាស់ឪពុកម្ដាយសាច់ញតិ អ្នកខ្លញសា្លប់ស្ទើរតែផុតពូជតែម្ដង។ អ្នកដែលអស់សង្ឃឹមនិងរស់នៅស្រុកខ្មែរ បាននាំគ្នាភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លូនតាមព្រំដែនកម្ពុជា ថៃ។
ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា
ក្រោយពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ក្រោយពីការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៦ វិច្ឆិកា ១៩៨៩ វេទិការបស់សម្ដេច នរោត្តមសីហនុ និង លោក ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស (ប្រទេសបារាំង) ទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូណេស៊ី) ទីក្រុងតូក្យូ (ប្រទេសជប៉ុន) និង ទីក្រុងប៉ាតាយ៉ា (ប្រទេសថៃ)៊
តាមរយះសន្និសិទអន្តរជាតិលើកទី១ នៅទីក្រុងប៉ារីស ថ្ងៃទី៣០ កក្កដា-៣០ កក្កដា ១៩៨៩ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC: Supreme National Council) បានបង្កើតឡើងនៅថ្ងៃទី១០ កញ្ញា ១៩៩០ ដែលមានសម្ដេច នរោត្តម សីហនុ ជាប្រធាន និង មានសមាជិក១២រូប ដែលមកពីរដ្ឋកម្ពុជា៦រូប និង សម្ពន្ធត្រីភាគីគឺ៦រូប។ ក្រុមប្រឹក្សានេះបានធ្វើការប្រជុំចំនួន៦លើកនៅទីក្រុងបាងកក ក្រុងប៉ារីស ក្រុងញ៉ូយ៉ក ក្រុងហ្សាកាតា និង ក្រុងប៉េកាំង។
ថ្ងៃទី២៣ ដល់ ២៤ ខែមិថុនា ឆ្នាំ១៩៩១ នៅទីក្រុងប៉ាតាយ៉ា គូបដិបក្ខខ្មែរទាំងបួនបានជួបជុំគ្នា និង បានចុះសម្រុងគ្នាអំពីគម្រោងការដោះស្រាយបញ្ហាជាតិ។
ក្រោយពីមានការជួបចរចារគ្នារវាងបណ្ដាភាគីខ្មែរនិងប្រទេសពាក់ព័ន្ធ ភាគីជម្លោះទាំងបួននៅកម្ពុជា និង ប្រទេស១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ១៩៩១ ហើយបញ្ហារបស់កម្ពុជាត្រូវបានដោះស្រាយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១
កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ផ្ដោតទៅលើចំណុចពីរសំខាន់ៗគឺ៖
- កិច្ចព្រមព្រៀងទាក់ទងទៅនិងអធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត ឯករាជ្យជាតិកម្ពុជា
- សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និង កសាងប្រទេសកម្ពុជាឡើងវិញ។
ភាគីជម្លោះបានចាប់ដៃគ្នា យល់ព្រមធ្វើការបោះឆ្នោតជាសកលដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់ (UNTAK) មើលការទទួលខុសត្រូវ។
អ៊ុនតាក់មានថវិកាចំនួន៣០០០លានដុល្លា ដើម្បីរៀបចំបំពេញបេសកម្ម៤យ៉ាងគឺ៖
-ដកអាវុធពីទ័ពរដ្ឋកម្ពុជា កងទ័ពខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង កងទ័ពរាជា---និយមហ៊្វុនស៊ុនប៉ិច
-បញ្ចូលរដ្ឋអំណាចទាំងសងខាងអោយរួមគ្នា (រដ្ឋកម្ពុជា និង រដ្ឋាភិបាលសម្ពន្ធត្រីភាគី)
-រៀបចំការបោះឆ្នោតដោយសេរីដោយអ៊ុនតាក់
-នាំជនភៀសខ្លួនប្រហែល៥០០០០នាក់ត្រលប់មកមាតុភូមិវិញ
-ព្រឹត្តិការមួយដ៏សំខាន់ និង សក្ខីភាពនៃការរួមគ្នាឡើងវិញរបស់កម្ពុជា គឺការយាងត្រលប់មកកម្ពុជា-វិញរបស់សម្ដេច នរោត្តម សីហនុ នៅខែវិច្ឆិកា ១៩៩១ ដោយមិនរង់ចាំការមកដល់នៃទាហានអ៊ុនតាក់ ឬ ការបោះឆ្នោត……..។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ khmerdeng.com
No comments:
Post a Comment