ប្រទេស​តូច​​ជាងគេ​បំផុត​ទាំង១០ក្នុង​លោក - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, August 6, 2019

ប្រទេស​តូច​​ជាងគេ​បំផុត​ទាំង១០ក្នុង​លោក


ក្នុង​ចំណោម​ប្រទេស​ជាង២០០ ​ក្នុង​​ពិភពលោក ​គ្រប់​​គ្នា​ភាគច្រើន​ប្រហែល​ជា​ដឹង​ហើយ​ថា​ប្រទេស​ណា​​ដែល​មាន​ផ្ទៃដី​ធំជាង​គេ ​តែ​បើ​​និយាយ​ពី​ប្រទេស​តូច​ជាង​គេ​វិញ ភាគច្រើន​ពុំ​សូវ​ស្គាល់ ឬ​មិន​ធ្លាប់​ឮ​​ឈ្មោះ​ប្រទេស​ទាំង​នោះ​ផង។ ប្រទេស​ខ្លះ​ជា​ប្រជាជាតិ​តូច​មែន​ទែន​ ដែល​មានផ្ទៃ​ដី​មិន​ដល់​មួយ​គីឡូម៉ែត្រ​ការ៉េ​នោះ​ទេ ដែល​ភាគ​ច្រើន​​ជា​កោះ​នៅ​តាម​សមុទ្រ​ប៉ាស៊ីហ្វិក និងការ៉ាបៀន។ ទោះ​ប្រជាជាតិ​ទាំងនោះ​តូច ប៉ុន្តែ​មាន​រដ្ឋាភិបាល និង​វប្បធម៌​ផ្ទាល់ខ្លួន​ដ៏​សម្បូរ​បែប។

១. បុរី​វ៉ាទីកង់ Vatican City State (០,៤៤ គីឡូ​ម៉ែត្រ​ការ៉េ)


ប្រទេស​តូច​ជាង​គេ​បំផុត​ក្នុង​លោក​គឺ​បូរីវ៉ាទីកង់ មាន​ទីតាំង​ព័ទ្ធ​ជុំ​វិញ​ដោយ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី តែ​​ទី​ស្នាក់​ការ​ធំរបស់​​វិហារ​កាតូលិក នៅ​ចំកណ្ដាល​ប្រទេស​នេះ។ សម្រាប់​ចំណូល​​ប្រទេស​បាន​មកពី​លក់​វត្ថុ​អនុស្សាវរីយ៍​ ដល់​អ្នក​ទេសចរ និង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​បុរាណ។ ចំនួន​ប្រជាជន​មាន ៤៥១នាក់ (ឆ្នាំ ២០១២)៕

២. ប្រទេស​ម៉ូណាកូ Monaco (២ គីឡូ​ម៉ែត្រ​ការ៉េ)


ប្រទេស​នេះ​ស្ថិត​នៅ​តាម​ឆ្នេរ​ French Riviera នៃ​សមុទ្រ​មេឌីទែរ៉ាណេ ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។ ម៉ូណាកូ ​គឺ​ជា​សំបុក​​មាន​មហាសេដ្ឋី​លាន​ដុល្លារ ពាន់​លាន​ដុល្លារ​ដ៏​ច្រើន​មួយ​ក្នុង​លោក។ ប្រជាជន​មាន​ចំនួន ៣៦ ០០០​នាក់ ​ភាគច្រើន​និយាយ​ភាសា​បារាំង និង​ជា​ប្រទេស​មាន​មនុស្ស​រស់​នៅ​កក​កុញ​គ្នា។​​​​

៣. ប្រទេស​ណូរុ Nauru (២១ គីឡូ​ម៉ែត្រ​ការ៉េ)

ជា​កោះ​​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី ណូរុជា​​ប្រទេស​​កោះ ​តូច​ជាង​គេ​បំផុត​ក្នុង​លោក។ ពី​មុន​គេ​ធ្លាប់​ស្គាល់​ថា​ជា​កោះ​រីករាយ (Pleasant Island) ​ធនធាន​រ៉ែ​ផូស្វាត​សម្បូរ​ខ្លាំង តែ​ឥឡូវ​បាន​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​ប្រជាជន​​អត់​ការងារ​ធ្វើ​ជាង ៩០% ដោយ ១០​% ធ្វើការ​រដ្ឋ។ ណូរុ ​ល្បី​ខាង​ប្រជា​ជន​ធាត់​ជ្រុល​ច្រើន​ជាងគេ​ក្នុង​លោក ដោយ​បុរស​មាន ៩៧% និង​ស្ត្រី ៩៣% ដែល​ធាត់​លើស​ទម្ងន់។ ដោយ​សារ​បញ្ហា​នេះ ណូរុ ​​ជា​ប្រទេស​មាន​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត២​ ខ្ពស់​បំផុត និង​មាន​ចំនួន​ប្រជាជន ៤០% កើត​ជំងឺ​​ប្រចាំ​កាយ។​​

៤. ប្រទេស​ទូវ៉ាលូ Tuvalu (២៦ គីឡូ​ម៉ែត្រ​ការ៉េ)

ប្រទេស​នេះ​​មាន​ទីតាំង​​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​កោះ Ellice Islands។ ​ចំនួន​ប្រជាជន​មាន ១០ ០០០នាក់ ​មាន​ផ្លូវ​ប្រវែង ៨គីឡូម៉ែត្រ មាន​មន្ទីរពេទ្យ​តែ​មួយ​គត់។ ទូវ៉ាលូ ធ្លាប់​ជា​ទឹក​ដី​របស់​ចក្រភព​អង់គ្លេស ប៉ុន្តែ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៧៨។ ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​​មាន​ចំនួន​តិច​​ជាង ២ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្បូរ​ដោយ​អ្នក​ទៅ​រកស៊ី។

៥.ប្រទេស​សាន់ម៉ារីណូ San Marino ( ៦១ គីឡូ​ម៉ែត្រ​ការ៉េ)

ប្រទេស​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​ប្រទេស​អ៊ីតាលី​​ទាំង​ស្រុង និង​ជា​រដ្ឋ​អធិបតេយ្យ​ចំណាស់​ជាង​គេ​មួយ​ក្នុង​លោក ហើយ​ថែម​ទាំង​ជា​ប្រទេស​អ្នក​មាន​ដែរ ដោយ​មាន​ GDP ខ្ពស់។ ប្រទេស​នេះ​តូច​ជាងគេ​ទី ៣​នៅ​អឺរ៉ុប និង​មាន​ប្រជាជន ៣០​ ០០០​នាក់ រួម​នឹង​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ទាប​បំផុត​ផង​ដែរ។​​​​​

៦. ប្រទេស​លិចទេន​ស្តែន Liechtenstien (១៦០ គីឡូ​ម៉ែត្រ​ការ៉េ)


ប្រទេស​នេះ​និយាយ​ភាសា​អាល្លឺម៉ង់ ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អាល់ Alps នៅ​ចន្លោះ​ប្រទេស​ស្វីស និង​អូទ្រីស។ ទោះ​បី​ផ្ទៃ​ដី​​​តូច តែ​ប្រទេស​នេះ​​​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​ជាង​គេ​បំផុត​ក្នុង​លោក ដោយ​គិត​ចំណូល​ផលិត​ផល​ក្នុង​ស្រុក​សរុប GDP និង​មាន​អត្រា​អ្នក​ការងារ​ធ្វើ​ទាប​បំផុត ១,៥% ប៉ុណ្ណោះ។ ចំនួន​ប្រជាជន ៣៦ ៩២៦នាក់ (ឆ្នាំ ២០១៣)។​

៧. ប្រទេស Saint Kitts and Nevis (២៦១ គីឡូ​ម៉ែត្រ​ការ៉េ)


កោះ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​សមុទ្រ​ការ៉ាបៀន និង​ធ្លាប់​កាន់​កាប់​ដោយ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប។ សេដ្ឋកិច្ច​ប្រទេស​នេះ ពឹង​អាស្រ័យ​លើ ​ចំណូល​ទេសចរ កសិកម្ម និង​ឧស្សាហកម្ម​ផលិត​តូច​ៗ។ កោះ​នេះ ផ្ដល់​កន្លែង​ងូត​ទឹក​​ដ៏​អស្ចារ្យ គយគន់​ទេសភាព​ជីវិត​សត្វ​ក្នុង​ទឹក ​មាន​រមណីយដ្ឋាន និង​សណ្ឋាគារ​ប្រណិត​ៗ​ច្រើន​ផង​ដែរ។ចំនួន​ប្រជាជន​មាន ៥៤ ១៩១នាក់ (ឆ្នាំ ២០១៣)។

៨. ប្រទេស​ម៉ាល់ឌីវ Maldive ( ៣០០ គីឡូ​ម៉ែត្រ​ការ៉េ) ​


កោះ​ម៉ាឌីវ ជា​​ប្រទេស​តូច​បំផុត​នៅ​អាស៊ី ​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា និង​ធ្លាប់​​ជាប់​នៅ​ក្រោម​អាណានិគម​ប្រទេស​មហា​អំណាច​ជាច្រើន​ដូច​ជា ព័រទុយហ្គាល់ ហូឡង់ ​និង​ចក្រភព​អង់គ្លេស តែ​ទទួល​បាន​ឯករាជ្យ​​ក្នុង​ឆ្នាំ ១៩៦៥។ ចំនួន​ប្រជាជន​មាន ៣៤៥ ០២៣នាក់ (ឆ្នាំ ២០១៣)។​

៩. ប្រទេស​ម៉ាល់តា Malta (៣១៦ គីឡូ​ម៉ែត្រ​ការ៉េ)


ម៉ាល់តា​ជា​ប្រទេស​ដែន​កោះ​ ស្ថិត​នៅ​​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​មាន​កោះ​ចំនួន​​បី បូក​បញ្ចូល​​គ្នា​បង្កើត​ជា​សាធារណរដ្ឋ​ម៉ាល់តា គឺ Gozo, Comino និង​ម៉ាល់តា​ ធំជាង​គេ។ ប្រទេស​នេះ​មាន​ប្រជាជន​ជាង ៤៥ម៉ឺន​នាក់ ​​ដែល​​ចំនួន​នេះ​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​ប្រជាជន​រស់​នៅ​កកកុញ​មួយ ក្នុង​លោក។

​​​​​១០. ​ប្រទេស​​ហ្គ្រេណាដា Granada (៣៤៤ គីឡូម៉ែត្រការ៉េ)


​ ជា​ប្រជាជាតិ​លើ​កោះ​​ក្នុង​សមុទ្រ​ការ៉ាបៀន​ ហ្គ្រេណាដា ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «កោះ​គ្រឿង​ទេស» ​ព្រោះ​មាន​ប្រជាជន​ដាំដុះ​ដំណាំ​ចន្ទន៍​គ្រឹះ​ស្នា​ និង​ផ្លែ mace ធំជាង​គេ​បំផុត​ក្នុង​លោក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​កោះ Trinidad និង Tobago និង​ធ្លាប់​នៅ​ក្រោម​អាណានិគម​បារាំង​ពី​ឆ្នាំ ១៦៤៩ ដល់​ ១៧៦៣។ ​លំហូរ​ឥទ្ធិពល​​ប្រពៃណី និង​វប្បធម៌​បារាំង​ បាន​ជ្រាបចូល​យ៉ាង​ខ្លាំង​តាំង​ពី​ពេល​នោះ​មក និង​មាន​សំណង់​បារាំង​បន្សល់​​​ទុក​យ៉ាង​ច្រើន​ផង​ដែរ។ ចំណែក​ប្រជាជន​មាន​ចំនួន ១០២ ៨៩៧​​នាក់​ក្នុង​ឆ្នាំ ២០១៣ (យោង​តាម​ធនាគារ​ពិភព​លោក)។​ ​​

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ http://news.sabay.com.kh/

No comments:

Post a Comment