I. រចនាសម្ព័ន្ធដឹកនាំ
១. ការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមការចូលកាន់កាប់ទីក្រុងភ្នំពេញ
នៅថ្ងៃទី១៧ មេសា១៩៧៥ កងទ័ពខ្មែរក្រហមបានវាយលុកចូលទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ក្រោមលេសថា អង្គការខ្លាចអាមេរិកមកទម្លាក់គ្រាប់បែក ចង់បោសសម្អាតខ្មាំង និង ខ្វះមធ្យោបាយដឹកស្បៀងអោយប្រជាជននៅក្នុងក្រុងភ្នំពេញ។ អ្នករឹងទទឹងនិងបញ្ជាអង្កការនិងត្រូវចាប់ចង ឬ បាញ់ចោលភ្លាមៗតែម្ដងនៅនឹងកន្លែង។
គោលការណ៍របស់ពួកខ្មែរក្រហម
នៅថ្ងៃទី២០ ដល់ ២៥ ខែ ឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំប្រជុំធំមួយ និង បានប្រកាសគោលការណ៍៨ចំណុចសម្រាប់អនុវត្តន៍នៅទូទាំងប្រទេស។ គោលការណ៍ទាំងនោះរួមមាន៖
ជម្លៀសប្រជាជនអោយចេញពីទីប្រជុំជនទាំងអស់ ជាពិសេសពីទីក្រុងភ្នំពេញ
លុបបំបាត់ទីផ្សារ
លុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ
ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ អោយទៅធ្វើស្រែចម្ការនៅតំបន់មូលដ្ឋានជនបទ
ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់
បង្កើតសហរណ៍កម្រិតខ្ពស់ទូទាំងប្រទេស
បណ្ដាញជនបទជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់
បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម
២. ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ
អង្គការ
ពាក្យអង្គការមួយម៉ាត់គ្រប់ដណ្ដប់ទាំងបក្សកុម្មុនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ និតិប្រតិបត្តិ និង អំណាចតុលាការ។ អង្គការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកម្មុយនីស្ដកម្ពុជា។ នៅខែកញ្ញា ឆ្នាំ១៩៧៥ គណៈគម្មធិការបជ្ឈឹមបក្សកម្មុនីស្ដកម្ពុជារួមមាន ប៉ុល ពត, នួន ជា, សោ ភឹម, អៀងសារី, សុន សេន, ឈឹត ជឿន (ហៅតាម៉ុក) និង វន វ៉េត។
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៧៥ មហាសន្និបាទជាតិប្រារព្ធឡើងនៅភ្នំពេញ ដែលមានសមាជិកចូលរួមចំនួន១០០០នាក់ និង បានអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
ថ្ងៃទី៥ ខែមករា ឆ្នាំ ១៩៧៦ រដ្ឋធម្មនុញ្ញត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវដោយមាន១៦ជំពូក និងចែកចេញជា២១មាត្រា
តាមរយៈរដ្ឋធម្មនុញ្ញនេះ កម្ពុជាត្រូវបានប្ដូរឈ្មោះជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ
រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០អាសនៈ ដែលក្នុងនោះ១៥០អាសនៈតំណាងវណ្ណៈកសិករ ៥០អាសនៈ វណ្ណៈពលករ និង កម្មករ និង ៥០អាសនៈតំណាងកងទ័ពបដិវត្តន៍កម្ពុជា
ចម្រៀងជាតិប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យ។
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ
បក្សកុម្មុនីស្ដកម្ពុជាប្រជាធិបតេយ្យគឺជាអង្គការតែមួយគត់ ដែលមានអំណាចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
បក្សនេះមានប៉ុល ពត (សាឡុត ស) ជាលេខាបក្ស និង នួន ជា ជាអនុលេខាបក្ស
គណៈគណកម្មាធិការអចិន្ត្រៃបក្សគឺជាអង្គការតែមួយគត់ ដែលមានសិទ្ធអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តអនុម័តគោលនយោបាយរដ្ឋាភិបាល និង លក្ខន្តិកៈផ្សេងៗ។
II. សោកនាដកម្ម
១. ការបង្ខំអោយធ្វើការជាទម្ងន់
ប្រជាជនត្រូវបានគេបង្ខំអោយធ្វើការជាង១២ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយទទួលបានរបបអាហារតិចតូចបំផុត
ប្រធានសហករណ៍ មានភារកិច្ចគ្រប់គ្រងសកម្មភាព និង ទង្វើររបស់ប្រជាជន
ជនណាមានកំហុស ឬ តវ៉ាត្រូវបានចោទាជាខ្មាំងប្រឆាំងបដិវត្តន៍ និង ត្រូវបញ្ចូនទៅដាក់គុគ ឬ សម្លាប់ចោល។
២. ការសម្រិតសម្រាំង និង ការសម្លាប់រង្គាល
ខ្មែរក្រហមតែតែស្រាវជ្រាវរកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងគ្រប់ទីកន្លែង
ប្រជាជនជាច្រើនត្រូវស្លាប់ដោយការចោទប្រកាន់ថាជាភ្នាក់ងារសម្ងាត់របស់អាមេរិក (ស៊ី អ៊ី អា) ភ្នាក់ងារសម្ងាត់របស់វៀតណាម (កា ហ្ស៊េ បេ) និង ភ្នាក់ងារសម្ងាត់របស់វៀតណាម។ ប្រជាជនទាំងនេះត្រូវបានចាប់ខ្លូន និង សម្លាប់ចោលជាប្រព័ន្ធ។
នៅឆ្នាំ១៩៧៨ មានការសម្រិតសម្រាំងដ៏សាហាវយង់ឃ្នង់បំផុតទៅលើប្រជាជននិងកម្មាភិបាលភូមិភាគបូព៌ា។ ខ្មែរក្រហមបានចោទកម្មាភិបាល និង ប្រជាជននៅក្នុងភូមិភាគនេះថាជាមនុស្សក្បាលយួន ខ្លួនខ្មែរ។ កម្ពុជាប្រជាធិបតេយ្យបានបញ្ជូនកងទ័ពពីភូមិភាគនិរតីទៅបង្ក្រាបភូមិភាគបូព៌ា ហើយដាក់កម្មាភិបាលពីភូមិភាគនិរតី ទៅកាន់អំណាចជំនួសកម្មាភិបាលនៅភូមិភាគបូពា៌ ដែលធ្វើអោយមានការសម្លាប់ប្រជាជនជាងមួយសែននាក់។ ប្រជាជនរាប់ពាន់នាក់ទៀតបានគេចទៅវៀតណាម។
៣. ប្រព័ន្ធសន្តិសុខ
មន្ទីសន្តិសុខ
ប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហម គឺគុកសម្រាប់ដាក់មនុស្សដែលគុកទាំងនោះគេហៅថា មន្ទីសន្ដិសុខ
នៅទូទាំងប្រទេសមានមន្ទីសន្តិសុខជិត២០០កន្លែងសម្រាប់ឃុំឃាំង សួរចម្លើយ និង សម្លាប់មនុស្ស
អ្នកទោសភាគច្រើនគឺជាប្រជាជនស្លូតត្រង់ ដែលត្រូវបានចោទប្រកាន់ដោយគ្មានភស្តុតាងថាជាអតីតទាហាន និង មន្រ្តីរាជការស៊ីវិលរបស់នល់ នល់ ជាភ្នាក់ងារស៊ើបការសម្ងាត់ ឬ ខ្មាំងជាដើម។
មន្ទីស-២១ (គុកទួលស្លែង)
អក្សរ.ស តំណាងអោយពាក្យសន្តិបាលហើយលេខ២១ តំណាងអោយលេខសំងាត់
មន្ទីនេះទីតាំងស្ថិតនៅក្នុងវិទ្យាល័យទួលស្វាយព្រៃ (អតិតវិទ្យាល័យពញ្ញាយ៉ាត)
មន្ទីស ២១ គឺជាមន្ទីសន្តិសុខថ្នាក់ថ្នាក់មជ្ឈឹមនៅភ្នំពេញ និងជាគុកដែលសំខាន់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ទីនេះជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និង សម្លាប់អ្នកបដិវត្ដន៍។
ថ្នាក់ដឹកនាំមន្ទីស ២១
មន្ទីស ២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ដឹកនាំដោយ សុន សេន ហៅ សមមិត្តខៀវ
កាំងហ្គិចអ៊ាវ ហៅឌុច ជាប្រធាន ឃឹម វ៉ាត ហៅ ហ៊ អនុប្រធាន ប៉េង បញ្ជាការលើអ្នកយាម ចាន់ ប្រធានអង្គភាពសួរចម្លើយ និង ប៉ុន អ្នកសួរចម្លើយ
កម្មាភិបាលមន្ទីស ២១ មួយចំនួនជាអតិតគ្រូបង្រៀន
រចនាសម្ព័ន្ធចាត់តាំងនៅក្នុង ស ២១
មន្ទីស ២១ មានបុគ្គលកប្រមាណជាង១០០០នាក់ក្នុងនោះ៖
ប្រមាណ៣០០ ទៅ ៤០០ នាក់មន្រើការជាបុគ្គលិកទូទៅ អ្នកដាំស្ល ដាំបន្លែ……សម្រាប់បម្រើតម្រូការក្នុងគុក
អង្គភាពរៀបចំឯកសារមានតួនាទីចម្លងចម្លើយសារភាពចេញពីកាសែត វាយអត្ថបទចម្លើយសារភាព សង្ខេបអត្ថបទចម្លើយសារភាព និង រៀបចំទុកឯកសារ។ ក្នុងនោះក៏មានអង្គភាពរងផ្នែកថតរូបដែរ។
អង្គភាពការពារជាអង្គភាពធំបំផុតនៅមន្ទីស ២១។ អង្គភាពនេហភាគច្រើនជាក្មេងជំទង់ដែលត្រូវគោរពបទបញ្ជាដ៏តឹងរឹង
អង្គភាពសួរចម្លើយចែកចេញជាក្រុមរងក្ដៅ (ហៅកងកាច) ក្រងរងត្រជាក់ (ហៅកងស្លូត) និង ក្រុមសង្គៀម។
ខ្លាំងរបស់អង្គការ
ខ្មែរក្រហមបានបែងចែកសត្រូវជាពីរប្រភេទគឺសត្រូវខាងក្នុង និង សត្រូវខាងក្រៅ៖
សត្រូវខាងក្នុង៖ គឺជាប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា និង អ្នកធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានសម្លាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ នាយទាហានដល់កូនទាហាន របស់របបចាស់ ព្រមទាំងក្រុមគ្រូសារ។ ក្រុមជនជាតិភាគតិចក៏ត្រូវបានធ្វើទុកមុកម្នេញ និង សម្លាប់ចោលដែរ ដោយត្រូវចោទថាជាខ្មាំងរបស់អង្គការ។ នៅទីបញ្ចប់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ត្រូវបានចោទថាជាខ្មាំងក្បត់បដិវត្តន៍និងត្រូវបានកម្ទេចចោល។
សត្រូវខាងក្រៅ៖ រួមមានសហរដ្ឋអាមេរិក ថៃ ពិសេស វៀតណាម និង សួវៀត និង សម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ ខ្មែរក្រហមបានប្រជាជន កម្មាភិបាល និង កងទ័ពរបស់ខ្លួនជាច្រើន ថាបានបម្រើមនោគមវិជ្ជាប្រតិកិរិយាប្រឆាំងបដិវត្តន៍ជាខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង និង បម្រើនយោបាយបរទេស។ អ្នកនេះត្រូវបានកម្ទេចចោល។
III. ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ
មានមូលហេតុជាច្រើនដែលបណ្ដាលអោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ
១. ការស្អប់ខ្ពើមរបបប៉ុលពតរបស់ប្រជាជនកម្ពុជា
ការអនុវត្ដផែនការផលិតស្រូវបីតោនក្នុងមួយហិចតា ពុំបានជោគជ័យទេ។ ប៉ុន្តែកម្មាភិបាលខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និង បញ្ជូនស្រូវតាមផែនការកំណត់ទៅមជ្ឈឹម។ មេដឹកនាំមជ្ឈឹមតែជឿលើរបាការណ៍ ឯថ្នាក់ក្រោមមិនហ៊ានរាយការណ៍ពត៌មានមិនល្អ ហើយតំបន់នីមួយៗមិនអនុញ្ញាតិអោយរំលែពត៌មានគ្នា។ ប្រជាជនទទួលរងគ្រោះអត់ឃ្លាន សុខភាពទ្រុពទ្រោម និង ស្លាប់ដោយសារកង្វះអាហារ។ ជាងនេះទៅទៀត ប្រជជនធ្វើការងារហួសកម្លាំង និង រងនូវការកាប់សម្លាប់។ លខណ្ឌទាំងនេះធ្វើអោយប្រជាជនអស់ជំនឿលើរបបកម្ពុជាប្រជាធិតេយ្យ។
២. ការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធ
នៅពាក់កណ្ដាលឆ្នាំ១៩៧៦ មានការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ៗនៃបក្សកុម្មុនីស្ដកម្ពុជា ដែលធ្វើអោយមានការបែកបាក់ផ្ទៃក្នុងជាពិសេសក្នុងជួរអ្នកដឹកនាំបក្ស។
៣. ការធ្វើសង្គ្រាមជាមួយវៀតណាម
នៅឆ្នាំ១៩៧៥ កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កជម្លោះតាមព្រំដែនជាមួយវៀតណាម។ចាប់ពីដើមឆ្នាំរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមបានវាយប្រហារទៅលើខេត្តចូវដុក ស្រុកហាទៀង និង ខេត្តផ្សេងៗទៀតរបស់វៀតណាម។ នៅខែធ្នូឆ្នាំ១៩៧៧ វៀតណាមប្រើយន្តហោះ និង កាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំ រហូតកាន់កាប់បានតំបន់ចំពុះទាក្នុងខេត្តស្វាយរៀង។ ពេលនោះកម្ពុជាប្រជាធិតេយ្យបានផ្ដាច់ការទូតជាមួយវៀតណាម។
៤. កំណើររណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សមមិត្តហ៊ុន សែន និង យុទ្ធមិត្តបួនរូប បានសម្រេចចិត្តភៀសខ្លួនចេញពីកម្ពុជាប្រជាធិបតេយ្យឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និង រំដោះប្រជាជននិងប្រទេសជាតិពីរបបនេះ។ ដំណើរការភៀសខ្លួនជាប្រវត្តិសាស្ត្រនេះគឺជាការយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរមកវិញនូវអាយុជីវិត សិទ្ធនិង សេរីភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ដោយមានការគាំទ្រពីខ្មែរអ្នកសេ្នហាជាតិ និង វៀតណាម សមមិត្តហ៊ុន សែន បានបង្កើតចលនាតស៊ូមួយដែលមានឈ្មោះថាអង្គភាព១២៥ ឬកងទ័ពសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ១៩៧៨។ ការបង្កើតអង្គភាពនេះគឺជាចំណុចចាប់ផ្ដើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://khmerdeng.com/cambodia-demogratic/
No comments:
Post a Comment