បឹងទន្លេសាប (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានប្រវែងសរុប៣០០០គ.ម២ និងជាប់ខេត្តចំនួន៥គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរៀប ខេត្តកំពង់ធំ និង ខេត្តកំពង់ឆ្នាំង។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។
នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ កត្តានេះហើយដែលធ្វើអោយ បឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុងប្រទេស។ បឹងទន្លេសាបចែកជាបីផ្នែកគឺ ៖
បឹងធំ៖ ស្ថិតនៅខាងជើងមានបណ្ដោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ។
បឹងតូច៖ ស្ថិតនៅចំកណ្ដាលមានបណ្ដោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។
វាលភក់៖ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោមានតែរុក្ខជាតិក្រិនៗ ។
ដៃបឹងទន្លេសាបមានដូចជា÷
ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
ស្ទឹងរលួស
ស្ទឹងជីក្រែង
ស្ទឹងស្ទោង
ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។
ដៃបឹងទន្លេសាបខាងស្ដាំមាន÷
ស្ទឹងសិរីសោភ័ណ
ស្ទឹងមង្គលបូរី
ស្ទឹងសង្កែ
ស្ទឹងមោង(ស្ទឹងដូនតី)
ស្ទឹងស្វាយដូនកែវ
ស្ទឹងពោធិ៍សាត់
ស្ទឹងបរិបូណ៌ ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment