១. ការបោះឆ្នោត
ការបោះឆ្នោតជាសកល និង ដោយសេរីត្រូវបានរៀបចំឡើងដោយអ៊ុនតាក់។ ការបោះឆ្នោតមានគណបក្សចំនួន២០ ចូលរូម ប៉ុន្ដែខ្មែរក្រហមបានធ្វើពហិកា មិនចូលរួមក្នុងការបោះឆ្នោតនេះ។ ដូច្នេះអសន្តិសុខនៅមានទូទាំងប្រទេស។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបានលទ្ធផលដូចតទៅ៖
គណបក្សហ៊្វុនស៊ុនប៉ិច (សម្ដេចនរោត្តមរណឬទ្ធិ)ទទួលបាន៥៨ អាសនៈ
គណបក្សប្រជាជនកម្ពុជា (អតីតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា)ទទួលបាន៥១អាសនៈ
គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (លោកតាសឺន សាន) ទទួលបាន១០អាសនៈ
គណបក្សម៉ូលីណាកា និង អ្នកតស៊ូខ្មែរទទួលបាន១អាសនៈ។
២. ការបង្កើតរាជរដ្ឋាភិបាលថ្មី
ក្រោយពីការបោះឆ្នោត សភាធម្មនុញ្ញបានរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានអនុម័តនាថ្ងៃទី២១ កញ្ញា ១៩៩៣ និង ត្រូវបានប្រកាសអោយប្រើជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ១៩៩៣។
ផ្អែកលើរដ្ឋធម្មនុញ្ញ៖
ប្រទេសកម្ពុជាបានក្លាយជាព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង អាស្រ័យរដ្ឋធម្មនុញ្ញ
ព្រះបាទនរោត្តម សីហនុ បានឡើងសោយរាជ្យជាលើកទី២ (១៩៩៣-២០០៤)
រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋាភិបាលចម្រុះបានកើតឡើងបន្ទាប់ពីមានការសម្របសម្រួលនយោបាយរវាងគណបក្សហ៊្វុនស៊ុនប៉ិច និង គណបក្សប្រជាជនកម្ពុជា។ ព្រះបាទនរោត្តម សីហនុ បានតែងតាំងនាយករដ្ឋមន្ត្រីពីររូប គឺ សម្ដេចនរោត្តម រណឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និង សម្ដេច ហ៊ុន សែន ជានាយកដ្ឋមន្ត្រីទី២
អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ (អ៊ុនតាក់) បានបញ្ចប់បេសកកម្ម។
៣. អសន្តិសុខ និង អស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា
ចាប់ពីឆ្នាំ១៩៩៤មក គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចចាប់ផ្ដើមមានភាពរង្គោះរង្គើរ។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពនយោបាយកាន់តែតានតឹងឡើងៗ។ ឆ្លៀតឳកាសនោះ ពួកខ្មែរក្រហមបានបង្កវិនាសកម្ម និង សង្គ្រាមប្រឆាំងនិងរាជរដ្ឋាភិបាលដែលបណ្ដាលអោយខូតខាតទ្រព្យសម្បត្តិ និង អាយុជីវិតប្រជាជនយ៉ាងច្រើន។
នៅថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ មានព្រឹត្តិការណ៍ផ្ទុះអាវុធប្រយុទ្ធគ្នារវាងកងទ័ពកងកម្លាំងស្មោះត្រង់និងគណបក្សហ៊្វុនស៊ិប៉ិច និង គណបក្សប្រជាជននៅទីក្រុងភ្នំពេញ។ ជាលទ្ធផល៖
-នៅទីក្រុងត្រូវបានរៀបចំអោយមានសណ្ដាប់ធ្នាប់ និង សន្តិសុខឡើងវិញ
-មន្ត្រី និង ទាហានដែលស្មោះត្រង់និងសម្ដេចក្រុមព្រះ បានភៀសខ្លួនទៅអូស្មាច់ ដើម្បីបន្ដការប្រយុទ្ធពីជាយដែនប្រឆាំងនិងកងទ័ពរាជរដ្ឋាភិបាល
-ឯកឧត្តម អ៊ឹង ហួត ដែលមកពីគណបក្សហ៊្វុនស៊ុនប៉ិចជាអ្នកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្ដេចក្រុមព្រះ ដើម្បីបន្តការងារក្នុងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចហ៊ុន សែនជានាយករដ្ឋមន្ត្រីទី២។
នៅខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ដោយសារជំងឺគាំងបេះដូង។ ពួកខ្មែរក្រហមក៏ចាប់ផ្ដើមបែកបាក់គ្នា។ ក្រុមខ្មែរក្រហមដែលនៅសេសសល់ ជាពិសេសក្រុមខ្មែរក្រហមដែលនៅអន្លងវែងបានចុះចូលជាបន្តបន្ទាប់។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ khmerdeng.com
No comments:
Post a Comment