១/ លក្ខណៈទូទៅ:
រមៀតជារុក្ខជាតិប្រភេទស្មៅដែលមានកំពស់ ៦តឹក រហូតដល់ ១ម៉ែត្រ ។ ស្លឹករលីងពណ៌បៃតងទាំងសងខាង រាងស្ទបត្រង់គល់ស្លឹក ។ កញ្ចុំផ្ការមៀតរៀងរាងជាបំពង់ចេញត្រង់ចន្លោះស្លឹក ។ ស្រទាប់ផ្កាពណ៌បៃតង ឬពណ៌ស ពណ៌ផ្កាឈូកខាងកំពូល ។ មើមធំ (ក្បាលរមៀត) បែកជាដើមខ្នែងរលីងពណ៌លឿងទុំ ។ មើមរមៀតមានសាច់ក្នុងពណ៌លឿងទុំ ។ ក្បាលរមៀតមានរាងមូលវៀវ ស្រួចផ្នែកខាងក្រោម ។ ខ្នែងមើមរមៀតមានទំហំតូចជាងក្បាលរមៀត រាងមូលទ្រវែងប៉ុនម្រាមដៃរលីង ។ មើមរបស់វាមានក្លិនក្រអូបឆួល ពិសេសមានរស់ជាតិល្វីងតិចៗ ។
២/ លក្ខណៈអាកាសធាតុ និងដី:
រមៀតអាចដាំបាននៅលើដីច្រើនប្រភេទ ។ យកល្អដីដែលដាំត្រូវជាដីធូរ ដីល្បាយខ្សាច់ ដីល្បាប់ជាប្រភេទដីមិនលិចទឹក ។ ទីកន្លែងដាំរមៀតត្រូវជិតប្រភពផ្ដល់ទឹកសំរាប់ស្រោចគ្រប់គ្រាន់ និងមិនឲ្យជោរទឹកផង ។ រមៀតអាចដុះលូតលាស់ក្នុងម្លប់ និងក្រោមពន្លឺថ្ងៃក៏បាន ។
៣/ វិធីដាំ
រមៀតជាដំណាំដែលបន្តពូជដោយមើម គេអាចដាំដោយប្រើក្បាលរមៀត ឬប្រើខ្នែងមើមរមៀតក៏បានដូចគ្នា ។ ក្នុងការដាំ គេត្រូវកាប់ជ្រោយដីឲ្យផុសល្អ ឬលើកជារងដាំក៏បាន ។ កសិករភាគច្រើនបានដាំចំរុះជាមួយដំណាំផ្សេងៗ នៅពីក្រោម ដំណាំដែលត្រូវការពន្លឺ ។
៤/ ពេលវេលាដាំ
ពេលវេលាដាំដែលល្អ គឺចាប់ពីខែឧសភា ដល់ខែកក្កដា ។ ក្រោយពេលដាំត្រូវថែទាំស្រោចទឹករយៈពេល ១៥ថ្ងៃ ។ មើមរមៀតនឹងចាប់ផ្ដើមដុះចេញខ្នែងថ្មីមួយខែក្រោយដាំ ។
៥/ ការប្រមូលផល
មើមរមៀតលូតលាស់លឿនក្នុងរយៈពេល ៤ខែ ។ មើមរបស់វានឹងរីកធំល្អចាប់ពីអាយុ៧ ទៅ ៩ ខែក្រោយពេលដាំ ។ ប៉ុន្តែយកល្អគេប្រមូលផលនៅពេលអស់ទឹកភ្លៀងចុងឆ្នាំ ចាប់ពីខែធ្នូ ដល់ខែ កុម្ភៈ ជាបន្តបន្ទាប់ ។
សរុបមករមៀត ជាដំណាំគ្រឿងទេសមួយប្រភេទដែលមានលក្ខណៈសមស្របល្អងាយស្រួលក្នុងការដាំ និងមានផលប្រយោជន៍ច្រើនដូចជា៖
មិនសូវរើសដី អាចដាំបាននៅលើដីច្រើនប្រភេទ
វាអាចដុះលូតលាស់នៅក្នុងម្លប់ និងក្រោមពន្លឺថ្ងៃក៏បាន ដែលជាលក្ខណៈងាយស្រួលឲ្យយើងដាំចំរុះជាមួយដំណាំផ្សេង ទៀតនៅក្នុងសួន
មិនទាមទារការថែទាំច្រើន
មានប្រយោជន៍ច្រើនមុខ អាចប្រើជាគ្រឿងផ្សំសម្រាប់ស្លបរិភោគ ធ្វើជាថ្នាំសំរាប់ព្យាបាលរោគមនុស្ស និងសត្វ ។
កសិកម្មៈដំណាំល្មៀត
ដំណាំនេះត្រូវបានប្រជាជនកម្ពុជាស្គាល់គ្រប់ៗគ្នា ហើយកសិករនិយមដាំនៅគ្រប់តំបន់តាមសួនគ្រួសារ ។
១/ ផលប្រយោជន៍:
រមៀតជាដំណាំគ្រឿងទេស ដែលមានតំលៃថោកបំផុត ប៉ុន្តែវាមានសារៈប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់ ។
សំរាប់បរិភោគ:មើមរបស់វាគេប្រើធ្វើជាគ្រឿងផ្សំសំរាប់ស្ល ដូចជា សម្លម្ជូរគ្រឿង កកូរ ប្រហើរដែលខ្មែរយើងនិយមបរិភោគជាទីបំផុត ។ ប្រសិនបើខ្វះវា មិនអាចធ្វើឲ្យសម្លមានរសជាតិខ្លាញ់ទេ ។
ប្រើជាឳសថព្យាបាលជំងឺមនុស្ស:គេយកមើមរបស់វាកាត់ឫសតូចៗចេញ ហើយហាន់ជាចំណិតៗ ដែលមានកំរាស់ស្ដើងៗរួចយកទៅហាលថ្ងៃសំងួត ឬក៏យកមើមទៅដាក់ស្រុសទឹកក្ដៅរហូតឆ្អិន (មើមទន់) រួចហើយដាក់ហាលថ្ងៃសំងួតទុកសំរាប់ប្រើប្រាស់ដូចជា៖
ព្យាបាលជំងឺហើមពោះ ទល់ខ្យល់ ពិបាករំលាយអាហារ ឆ្អល់ពោះ រាកមូល ស្ត្រីពិបាកពេលមានរដូវ ដោយប្រើ មើមរមៀតស្រស់ ឬស្ងួតដាំទឹកផឹក ។
ព្យាបាលជំងឺកមរមាស់ រលាកដំបៅ សត្វទិច ឬខាំ ដោយបុកមើមរមៀតស្រស់លាប ឬប្រើម្សៅរមៀតលាយទឹក បន្តិចសំរាប់លាប ។
ប្រើជាឳសថព្យាបាលសត្វ:ព្យាបាលជំងឺក្អកលើសត្វមាន់ ទា និងសត្វទំពារអៀង ដោយប្រើមើម
ព្យាបាលជំងឺផ្សិត រាក និងជំងឺឆ្លងផ្សេងៗលើពពួកសត្វបក្សី (មាន់, ទា) ដោយប្រើមើម
ព្យាបាលជំងឺភ្នែក របួសបែកឈាមលើសត្វទំពារអៀង គោ ក្របីដោយប្រើមើម ។
អត្ថបទដោយ៖ ក. ជា មិនា
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment