ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Sunday, October 13, 2019

ប្រវត្តិ និង​អត្ថន័យ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ


ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយះពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។

ពិធីបុណ្យអុំទូក

ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។ 
​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។ 
​ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។ 

ពិធីបណ្ដែតប្រទីប

នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា នៃអាណាចក្រលង្វែក បានបញ្ជាឲ ស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ Flag of KKF.svg កម្ពុជាក្រោម​ ឲត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួន នាមម៉ាក ដាងដុង នៃអាណាចក្រដាយវៀត ។ ពញ្ញាតាតបាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម÷
ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថាទូក ង
ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។
ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ ហើយទូក​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំងប្រើប្រាសតែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ពហៅថា ប្រទីប ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ ។
ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ទ្រង់បានបង្កើតឲមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជំនះផង និងដើម្បីដឹងគុណដល់ព្រះម៉ែគង្គាផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែង ចេញពីពាក្យ កន្ទោង របស់ខ្មែរ ។

ពិធីអកអំបុក និង សំពះព្រះខែ


ប្រវត្តិពិធី អកអំបុក និងសំពះព្រះខែ ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិនឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មានន័យថាអ្នកបរបាញ់ ក្នុងសុបិននោះទ្រង់មិនបរបាញ់សត្វព្រៃនោះទេ ព្រោះទ្រង់គោរពនូវពុទ្ធសាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួននិងសុខចិត្តអត់អាហារដោយការទ្រាំ គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះហើយពោលថា យើងមិនចង់សុីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ ដោយក្ដីរំជួលចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយនិងព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲរូបទន្សាយមាន ឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិននោះ ព្រះម៉ែគង្ហីងព្រះធរណី បានយកថ្មសចង្កូមកែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើដួងព្រះចន្ទ ហើយប្រាប់ថាទន្សាយនោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ ។ ក្រោយភ្ញាក់់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាង្គជារូបទន្សាយក្នុងនោះពិតមែនទើបទ្រង់បង្កើតឲមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជាដង្វាយដែលសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ 

អត្ថបទដោយ៖ រឿន​ សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment