អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រម ង៉ុយ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ឋខ្មែរ។ គាត់កើតនៅឆ្នាំ ១៨៦៥ ឃុំកំពូល ស្រុកភ្នំពេញ ដោយសព្វថ្ងៃហៅថាស្រុក អង្គស្នួល ក្នុងខេត្តកណ្តាល មាននាមដើម អ៊ុក អ៊ូ ប៉ុន្តែមាតាបិតាលោកហៅក្រៅថា ង៉ុយៗ ជាប់នាមនេះរហូតមក ហើយបានទទួលអនិច្ចកម្មទៅវិញក្នុងឆ្នាំ ១៩៣៩ ជន្មាយុ៧១ឆ្នាំ។
បិតាលោកនាម អ៊ុក ធ្វើមេឃុំ នៅឃុំកំបូល មានគោរម្យងារថា ចៅពញាធម្មធារា ហើយឯមាតាលោកជាកូនរបស់ពញាម៊ុក មេឃុំស្ពានថ្ម ស្រុក ខេត្តជាមួយគ្នា ដែលមាតាបិតាត្រូវបងប្អូនជីទួតមួយគ្នា។
កាលពីកុមារ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រម ង៉ុយ បានទៅសំណាក់រៀន នឹងជាមួយចៅអធិការវត្តអង្គបឹងចក ដែលស្រុកកំណើតរបស់លោកផ្ទាល់ ដោយគាត់ជាក្មេងឧស្សាហ៏រៀនសូត្រ បានបួសជាសាមណេរ ចេះធម៏អាថ៏ ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំសាមណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៍អាថ៍ ស្វះស្វែង រៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យគង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើន កន្លែងទៀត។
ក្រោយពីបានចាកសិក្ខាបទមកជាគ្រហស្ត លោកបានរៀបអាពាហ៏ពិពាហ៏ នៅឃុំបែកចាន ស្រុកភ្នំពេញ ហើយប្រកបអ្នកស្រែជាធម្មតាក្នុងស្រុកនោះ។ លោកមានកូន ៦នាក់ ឈ្មោះអាចារ្យ ចុង ដែលជាកវីមានឈ្មោះល្បី ខាងសំនួនវោហារ បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេលបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយ មានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
សំនូរល្បីល្បាញតាង៉ុយនេះដឹងដល់លោកសឺ ដេស សមាជិកសាលាបារាំងចុងបូពា៏ប្រទេសនាំទៅជួបអ្នក ស្រីស៊ុសានកាពេលេស នាយកវិជ្ជាឋាន ពុទ្ឋសាសនបណ្ឌិត្យបានបោះពុម្ភកំណាព្យ តាង៉ុយ ជាកូនសៀវភៅបួន។ អ្នកស្រីកាពេលេសបានឧ្យកំរែជាប្រាក់១រៀលជំនាន់នោះ។ ប្រាក់១រៀលតិចមែនពិត តែអំណោយនេះសឹងតែទុក ជាកិច្ចប្រវត្តិសាស្ត្រ បង្ហាញឧ្យឃើញថាបារាំងទាំងអស់ មិនមែនសុទ្ឋតែអ្នកអាណានិគមមកជិះជាន់ខ្មែរ គឺមានអ្នកប្រាជ្ញខ្លះៗស្រឡាញ់រាប់អានវប្បធម៏ខ្មែរចង់រក្សាទុកជា ស្នាដៃមនុស្សធម៏។ នៅពេលអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ក្រម ង៉ុយទទួលអនិច្ចកម្មទៅ គាត់បានបន្សល់ស្នាដៃចុងក្រោយជាបណ្តាំក្រម ង៉ុយ បង្ហាញពីភាពល្ងង់ខ្លៅ និងការខ្ចិល ច្រអូសនៃជនជាតិយើង នៅមុខភាពរហ័សរហួនឆ្លាតកេងប្រវ័ញនៃជនបរទេសមាន ចិន យួនជាដើម។
អត្ថបទដោយ៖ ក.ជា មិនា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ http://www.komnert.com
No comments:
Post a Comment