មនុស្សមានច្រើនបែបមានអែបស៊ីអប ខ្លះឥតរបបរណបស៊ីជោរ
ខ្លះទ្រគូថគេស្ម័គ្រធ្វើសេះគោ ខ្លះប៉ិនខាងពោលបញ្ជោរបន្ទរ។
ការងារមិនប៉ិនប៉ិនខាងលុតក្រាប មួលកដកស្លាបលូនក្រាបសឹកខោ
ប្រចុបប្រចែងប្រជែងចិត្តចោរ និយាយបញ្ជោរហូរបែកស្ទឹង។
ពូកែទ្រឹស្តីគ្មាននរណាដល់ ប្រសប់រកកលចាក់ចុចផុយឆ្អឹង
ឌឺដងផ្លែផ្លាមុនហាសម្លឹង ភ្នែករំពឹងសម្លឹងដល់បាត។
ឯចិត្តក៏ល្អៀងផ្អៀងទៅកើតលិច ចង់ថាថ្មពេជ្យយ៉ាងម៉េចក៏បាន
មិនដែលថាទេរេអួតឯងឆ្លាត ហេកុបដូចមហាតសង្វាតតែឈ្នះ។
ពូកែបញ្ចើចបញ្ចើបបញ្ចេះ ជំនាញពិសេសក្រាបលូនសំពះ
ប្រៀបពស់ក្បាលពីរស៊ីណែនក្រពះ ចាក់ខ្សែស៊ីរះពីគល់ទល់ចុង។
គិតតែពីចូលប្រមូលបោសកើប ឲ្យតែឃើញហើបកើបឡើងវិលក្បុង
តែតែស្ករស្ករភរគេជឿស្លុង ស៊ីវិលរេចចុងស៊ីសុទ្ធតែខ្លាញ់។
ខុសត្រូវក៏ដោយឲ្យតែបានចូល ខំប្រឹងប្រមូលក្រៀករឹតចម្រាញ់
ស៊ីតាមជំនាញតាមមាឌឥតចាញ់ ស៊ីទាំងកាកខ្លាញ់ក្រាញឆ្ងាញ់ម្នាក់ឯង។
និពន្ធដោយៈ កុយ ពិសិដ្ឋ
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment