ថ្ងៃទី៨ ខែសីហា គឺជា «ទិវាអាស៊ាន» ពោលគឺជាថ្ងៃដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ប្រារព្ធខួបកំណើតលើកទី៤៨ របស់ខ្លួន។ ថ្វីបើអាស៊ានមានអាយុកាលជិតកន្លះសតវត្សទៅហើយក្ដី ក៏ប្រជាជនជាច្រើនក្នុងតំបន់នេះ នៅមិនទាន់មានចំណេះដឹងមូលដ្ឋានពីអាស៊ាននៅឡើយ។ តើចំណេះដឹងមូលដ្ឋានទាំងនោះមានអ្វីខ្លះ?
ប្រវត្តិអាស៊ាន
អាស៊ាន ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ចាប់ពីឆ្នាំ១៩៨៤ មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតក្នុងតំបន់នេះ រួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។
អត្តសញ្ញាណអាស៊ាន
«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» គឺជាបាវចនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មិនខុសពីជាតិមួយដែលមានទង់ជាតិ និងភ្លេងជាតិផ្ទាល់ខ្លួនទេ អាស៊ានក៏មានទង់អាស៊ាន និងភ្លេងអាស៊ានដែរ៖ «ភ្លេងអាស៊ាន»។
ភ្លេងអាស៊ាន តែងប្រគំឡើងក្នុងពិធីផ្លូវការរបស់អាស៊ាន ដូចជាកិច្ចប្រជុំធំៗ និងទិវាអាស៊ានជាដើម ក្នុងន័យបង្ហាញពីសាមគ្គីភាពរវាងប្រទេសជាសមាជិក និងកម្ពស់អត្តសញ្ញាណរបស់ខ្លួន។
អគ្គលេខាធិការដ្ឋានអាស៊ាន
មជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ាន គឺអគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា () ប្រទេសឥណ្ឌូនេស៊ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ ៥ឆ្នាំ ប្ដូរវេនគ្នាទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក។
ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការអាស៊ាន បច្ចុប្បន្នដែលមានអាណត្តិពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ គឺលោក ឡឺ លួងមិញ (Le Luong Minh) ជាអតីតអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម។ អគ្គលេខាធិការដ្ឋានមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។
កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម ជាក់ស្ដែងគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨ ដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៥ នេះ។
ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមក ប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ានបានចំនួនពីរដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទីពីរនៅឆ្នាំ២០១២។
សសរស្ដម្ភ
ក្នុងរយៈកាលជិតកន្លះសតវត្សមកនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដំណើរការដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ មានតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ដែលត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ច្រើន ក្រោយពីត្រូវបានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន បានឯកភាពគ្នាកាលពីឆ្នាំ២០០៧ ថានឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យក្លាយជាសហគមន៍សេដ្ឋកិច្ចរួមមួយឲ្យបានត្រឹមឆ្នាំ២០១៥។
សហគមន៍សេដ្ឋកិច្ចអាស៊ាននេះ អនុញ្ញាតឲ្យមានលំហូរដោយសេរីនូវទំនិញ សេវាកម្ម ការវិនិយោគ និងពលកម្មជំនាញ។ ឧបមាថា អាស៊ានគឺជាប្រទេសមួយ នោះ អាស៊ានគឺជាមហាអំណាចសេដ្ឋកិច្ចទី៧ ក្នុងពិភពលោកដែលមានប្រជាជនជាង ៦០០លាននាក់ ហើយត្រូវបានអ្នកសេដ្ឋកិច្ចព្យាករថា អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤ ត្រឹមឆ្នាំ២០៥០ ប្រសិនបើកំណើនសេដ្ឋកិច្ចនៅតែបន្ត។ តំបន់អាស៊ានក៏ជាប្រភពនៃកម្លាំងពលកម្មលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា។
បញ្ហាប្រឈម
ទោះបីជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅមុខរបស់អាស៊ានត្រូវបានយាយីដោយបញ្ហាមួយចំនួន ទាំងបញ្ហាផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ទាំងបញ្ហារវាងប្រទេសជាសមាជិក ព្រមទាំងរឿងរ៉ាវរវាងប្រទេសសមាជិក និងប្រទេសមិនមែនជាសមាជិក។
ក្នុងចំណោមសមាជិកទាំងដប់នៃអាស៊ាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានស្ថានភាពសេដ្ឋកិច្ចទាបជាងគេ ប្រៀបធៀបនឹងសមាជិក ៦ផ្សេងទៀត។ ម្យ៉ាងវិញទៀត ប្រទេសជាសមាជិកមួយចំនួននៅមានជម្លោះព្រំដែនរវាងគ្នានៅឡើយ ជាក់ស្ដែង ជម្លោះព្រំដែនរវាងកម្ពុជា-វៀតណាម នៅពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ បញ្ហានេះ មិនបានធ្វើឲ្យអាស៊ានឈឺក្បាលខ្លាំងដូចករណីជម្លោះសមុទ្រចិនខាងត្បូងនោះទេ។
រឿងរ៉ាវសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពល្អក់កករ ហើយបញ្ហានេះតែងក្លាយជាប្រធានបទក្ដៅក្នុងរាល់កិច្ចប្រជុំកំពូលអាស៊ាន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១២ ដែលមានកម្ពុជា ជាប្រធាន មិនអាចឈានដល់ការចេញសេចក្ដីថ្លែងការណ៍រួមមួយបានឡើយ ហើយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅដើមខែសីហា នេះទៀតសោត ជម្លោះសមុទ្រចិនខាងត្បូង កាន់តែធ្វើឲ្យមានភាពតឹងតែង។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ (mypendogroup)
ប្រភព៖ https://www.rfa.org/khmer/
No comments:
Post a Comment